Home ព័ត៌មានជាតិ របៀបវារៈសំខាន់ៗចំនួន៣ ត្រូវបានក្រុមប្រឹក្សាខេត្តរតនគិរីធ្វើការអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩

របៀបវារៈសំខាន់ៗចំនួន៣ ត្រូវបានក្រុមប្រឹក្សាខេត្តរតនគិរីធ្វើការអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩

-

ក្រុមប្រឹក្សាខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩របស់ខ្លួន។ កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

របៀបវារៈសំខាន់ៗដែលនឹងត្រូវធ្វើការអនុម័តរួមមាន៖ -ពិនិត្យពិភាក្សា និងអនុម័ត សេចក្តី ព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨របស់ ក្រុមប្រឹក្សាខេត្ត។

-ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា និងលើកទិសដៅ ការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។

-ពិនិត្យពិភាក្សា និងអនុម័ត ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងរបាយការណ៍ បូកសរុបសម្រេចទូទាត់ថវិការបស់រដ្ឋបាលខេត្តរតនគិរីប្រចាំឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណាប់ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការអភិវឌ្ឍសមិទ្ធផលរបស់ខេត្តដែលបានមកពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការក្នុងខេត្តរតនគិរី មន្ទីរអង្គភាពដែលចំណុះអោយរដ្ឋបាលខេត្តកាន់តែមានប្រសិទ្ធភាពនិងទទួលបានជោគជ័យជាបន្តបន្ទាប់ ។

ថ្លែងក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿន ក៏បានកោតសរសើរ ចំពោះ សមត្ថកិច្ច និងអាជ្ញាធរ គ្រប់ដំដាប់ថ្នាក់ ដែលបានការពារសន្តិសុខជូន ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិអំឡុងចូលឆ្នាំចិន វៀតណាមកន្លងមកនេះបានយ៉ាងល្អ។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញអោយអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ លើបញ្ហាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ពិសេសតាមផ្លូវសំខាន់ៗ និងក្នុងមូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅនិង សូមអោយយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងអោយខានតែបានដែលបង្ករអសន្តិសុខដល់សង្គម និងនៅមូលដ្ឋាន។ ត្រូវទប់ស្កាត់អោយបានម៉ឺងម៉ាត់នៅរាល់បញ្ហាអស្ថេរភាពសង្គម ពិសេសការចែកចាយ និងការជួនដូរគ្រឿងញៀន អោយបានល្អប្រសើរនៅក្នុងមូលដ្ឋាន។ ជម្រុញការបង្ការទប់ស្កាត់អោយបានជាអតិបរិមា នូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយអនុវត្តជាក់ស្តែង និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អោយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ សូមអោយមន្ទីរអង្គភាពទាំអស់ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង អោយបានល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read