នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០២៣ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចិន ច័ន្ទមុនី ប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុងនៃ អ.ប.ព. នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត។
សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅរយៈពេល ០១ ថ្ងៃ ដែលមានសមាសភាពរួមមាន ឧបការី អ.ប.ព. ក្រុមការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រុមសវនកម្មហិរញ្ញវត្ថុ ក្រុមវិភាគសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពលទ្ធកម្មសាធារណៈ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានក្រោមឪវាទនៃ អ.ប.ព. សរុបចំនួន ៦០រូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាប និងបង្កើនការយល់ដឹងអំពីវិធានវិធីសាស្រ្ត នីតិវិធី និងរចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រង និងអនុវត្តគ្រប់លទ្ធកម្មសាធារណៈ ព្រមទាំងសិទ្ធិសម្រេចទទួលខុសត្រូវលើកិច្ចលទ្ធកម្មសាធារណៈ និងសិទ្ធិអនុម័តលើសេចក្ដីព្រាងផែនការលទ្ធកម្មរបស់ក្រសួង ស្ថាប័ន។
សិក្ខាសាលាផ្សព្វផ្សាយនេះទទួលបានការធ្វើបទឧទ្ទេសនាមពី ឯកឧត្ដម វង្ស រ៉ូដាវុឍ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។