Home ព័ត៌មានជាតិ អាជ្ញាធរខេត្តកណ្តាល បានប្រកាសបិទផ្សាយជាសាធារណៈ ជូនប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដី ចំនួន៨ភូមិ ស្មើនិង២ឃុំ ក្នុងស្រុកពញាឮ

អាជ្ញាធរខេត្តកណ្តាល បានប្រកាសបិទផ្សាយជាសាធារណៈ ជូនប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដី ចំនួន៨ភូមិ ស្មើនិង២ឃុំ ក្នុងស្រុកពញាឮ

-

ខេត្តកណ្តាល៖គណៈកម្មការរដ្ឋបាលខេត្តកណ្តាល បានធ្វើការបិទផ្សាយជាសាធារណៈ ជូនប្រជាពលរដ្ឋដើម្បីផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដីចំនួន០៨ភូមិ គឺភូមិស្វាយលាប ភូមិអញ្ចាញ ភូមិស្រែតាមែង ភូមិត្រពាំងជ្រៅ ភូមិស្ពានទំលាប់ ភូមិស្រែភាសេក ភូមិស្តុកឈូក ឃុំទំនប់ធំ និងភូមិថ្លុកត្របែក ឃុំភ្នំបាត ស្រុកពញាឮ ស្មើនឹង៤, ៩៥៤ក្បាលដី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងដាក់ពាក្យប្តឹងតវ៉ាផ្សេងៗ មុននឹងឈានដល់ការចេញបណ្ណកម្មសិទ្ធិជូន ក្រោមអធិបតីភាព ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះ៖ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ គឺសំដៅបំពេញនីតិវិធីឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម គោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើ ការផ្តល់សេវាគាំទ្រនានា ព្រមទាំងគោលនយោបាយ អភិវឌ្ឍជនបទ សំដៅបង្កើតឱកាសឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលប្រចាំគ្រួសារ។ដូច្នេះការបិទផ្សាយនៅពេលនេះគឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កើន ផលិតភាពក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឲ្យកាន់តែកើនឡើងថែមទៀត។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងភូមិខាងលើ សូមមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីថាពិតជាត្រឹមត្រូវដែររឺទេ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីថ្ងៃប្រកាសបិទផ្សាយនេះក្នុងរយៈ ពេល១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី និងនៅប្រចាំ ការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំង ឡាយ និងទទួលពាក្យបណ្ដឹងដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។

ឯកឧត្តមបានបញ្ជាក់ទៀតថា៖បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន។លទ្ធផលដែលសម្រេចបាននាពេលនេះគឺដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ទើបក្រុមការងារសុរិយោដីខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ បានខិតខំប្រឹងប្រែងការងារចុះបញ្ជីនេះបានយ៉ាងរលូន។សមិទ្ធិផលជាច្រើនដែលសម្រេចបានគឺសុទ្ធសឹងតែកើតឡើងដោយក្រុមការងារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ។

បើតាមរបាយការណ៍របស់ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ នៅក្នុងស្រុកពញាឮ បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមកដល់ពេលនេះមានចំនួន២០លើក និងបានចែកបណ្ណរួចចំនួន ១៤លើក សរុបបានចំនួន ១៤,៩០៩បណ្ណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read