ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការរៀបចំតាំងពិព័រណ៍នានា សម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដែលមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុងតាខ្មៅ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
សូមជំរាបជូនថា អនុគណៈកម្មការរៀបចំតាំងពិព័រណ៍នានា មានភារកិច្ច៖ ពិនិត្យរៀបចំទីតាំងសម្រាប់ស្តង់ពិព័រណ៍ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មម្ហូបអាហារ សហការជាមួយភាគីពាក់ព័ន្ធ និងទទួលខុសត្រូវរៀបចំស្តង់ពិព័រណ៍ផលិតផល សម្របសម្រួលរៀបចំតុបតែងស្តង់ពិព័រណ៍ឱ្យស័ក្តិសមក្នុងកម្មវិធីសង្ក្រាន្ត រៀបចំសោភ័ណភាពឆាកតន្ត្រី ឱ្យស័ក្តិសមជាមួយកម្មវិធីសង្ក្រាន្តខេត្តកណ្តាល ចាត់ចែងការងារផ្សេងៗទៀតតាមការចាំបាច់។